កំណាព្យលុយ
១. លុយជា ឱសថ ដ៏សក្តិសិទ្ធ លុយជា អ្នកគិត ស្រាយបញ្ហា លុយជា អ្នកផ្តល់ នូវប្រាជ្ញា
លុយជា អ្នកតា ឥតវិញ្ញាណ ។
២. លុយជា ថ្នាំពិស ដ៏សាហាវ លុយជា ជ័រកាវ ស្អិតជាប់បា្រណ លុយជា គ្រូធ្មប់ ដ៏សាមាន្យ
លុយជា ក្ដារស្ពាន ឆ្លងឧបសគ្គ ។
៣. លុយជា កាំបិត មានមុខមុត លុយជា អាវុធ ឈាមប្រឡាក់ លុយជា ឧបករណ៍ យកធ្វើធ្នាក់
លុយជា អន្ទាក់ ទាក់ជីវិត ។
៤. លុយជា ទឹកឃ្មុំ ជាតិផ្អែមឆ្ងាញ់ លុយជា សម្លាញ់ យ៉ាងជិតស្និទ្ធ លុយជា តន្ត្រី ថ្នាក់ថ្នមចិត្ត
លុយជា ខ្សែរឹត របស់ព្រាន ។
៥. លុយជា សត្រូវ នឹងអ្នកក្រ លុយជា អ្នកល្អ នឹងអ្នកមាន លុយជា សន្ទូច ស្ទូចអ្នកឃ្លាន
លុយជា ជើងពាន ទ្រឱ្យខ្ពស់ ។
៦. លុយជា ដុំពេជ្រ មានតម្លៃ លុយជា អ្នកច្នៃ កេរ្តិ៍ កិត្តិយស លុយជា អ្នកធ្វើ ឱ្យខូចឈ្មោះ
លុយជា អ្នកឈ្លោះ ចិត្តលោភលន់ ៕